គ្មានអ្វីដែលថាយើងធ្វើមិនបាននោះទេដរាបណាយើងនៅតែចង់ធ្វើ ហើយធ្វើវាអោយបានត្រឹមត្រូវ និងដោយប្រុងប្រយ័ត្នខ្ពស់។
មានមតិយោបល់ជាច្រើនដែលខ្ញុំតែងតែឮថាមិនចង់បើកគណនីសាកល្បងដែលហៅកាត់ថាឌីម៉ូ (Demo) ដោយហេតុថាវាមិនបង្ហាញអំពីអារម្មណ៍ពិតរបស់អ្នកក្នុងការចូលទីផ្សារ។
ត្រង់ចំណុចនេះខ្ញុំក៏ទទួលស្គាល់ដែរ តែអ្វីដែលខ្ញុំចង់ដាស់តឿនអ្នកទាំងអស់គ្នានៅទីនេះគឺថា ក្នុងវិស័យទិញលក់រូបិយប័ណ្ណអន្តរជាតិនេះ កត្តាផ្លូវចិត្តគឺដើរតួនាទីរហូតដល់ទៅ ៦០ ភាគរយនៃភាពជោគជ័យ។
ហេតុនេះកត្តាផ្លូវចិត្តគឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកាច់ចង្កូតការធ្វើពាណិជ្ជកម្មលើវិស័យទិញលក់រូបិយប័ណ្ណអន្តរជាតិនេះ។
ប្រសិនបើគណនីសាកល្បង អ្នកមិនអាចគ្រប់គ្រងបានល្អផងនោះ ចុះទម្រាំតែអ្នកបើកគណនីយជាលុយពិតវិញ អ្នកប្រហែលកាន់តែពិបាកនឹងហ្វឹកហាត់កត្តាផ្លូវចិត្តរបស់អ្នកខ្លាំងណាស់។
នៅពេលដែលអ្នកមិនចង់ប្រើគណនីយសាកល្បងហើយបែរទៅជាចង់ដាក់លុយពិតចូលទៅក្នុងទីផ្សារនេះ គឺនោះគ្រាន់តែជាសេចក្តីលោក ភាពតក់ក្រហល់ចង់មានចង់បានឆាប់រហ័សរបស់អ្នកតែប៉ុន្នោះ។
ភាពលោភលន់មិនចម្រើនដល់អ្នកនោះទេក្នុងវិស័យនេះ។ ហើយនេះគឺជាកត្តាផ្លូវចិត្តដែលអ្នកចូលចិត្តក្នុងវិស័យនេះភាគច្រើនដើរលំនាំដូចគ្នា។
នេះគឺជាអ្វីដែលអ្នកគួរតែយល់ហើយ និងរៀនកែសម្រួលនូវកត្តាផ្លូវចិត្តរបស់អ្នកត្រង់ចំណុចនេះ។ អ្នកគួរតែចាប់ផ្ដើមពីគណនីសាកល្បងមុនសិន ដើម្បីឲ្យអ្នកក្លាយជាមនុស្សចាស់ទុំ ដើម្បីឲ្យអ្នកក្លាយជាអ្នកដែលអាចស្វែងរកឃើញនូវយុទ្ធសាស្ត្រមួយដែលល្អ ហើយដើម្បីឱ្យអ្នកទទួលបាននូវផលចំណេញជារើយៗសិនទៅលើយុទ្ធសាស្ត្រដែលអ្នកកំពុងតែសាកល្បងនោះឲ្យស្របជាមួយនឹងចិត្តរបស់អ្នកសិន។
ការយកលុយពិតចូលទៅបើកគណនីយនោះមិនមែនជាការលំបាកនោះទេ ក្រុមហ៊ុនឈ្មួញកណ្ដាលគេចាំតែទទួលយើងតែប៉ុន្នោះព្រោះគេដឹងច្បាស់ថាអ្នកនឹងដាច់គណនីមិនយូរមិនឆាប់។
រឿងដែលសំខាន់នោះគឺមិនមែនការយកលុយពិតទៅដាក់ក្នុងទីផ្សារនោះទេរឿងដែលសំខាន់គឺអ្នកត្រូវរកឲ្យឃើញនូវចំណុចយុទ្ធសាស្ត្រកំពូលដែលសាកសមទៅនឹងចរិតលក្ខណៈរបស់អ្នកផ្ទាល់។ វាគឺជាអាវុធដ៏មុតស្រួចដែលអ្នកអាចកាន់ក្នុងដៃដើម្បីចូលយកឈ្នះក្នុងទីផ្សារនេះបានអស់មួយជីវិត។
ហេតុនេះវាមិនមែនជាលុយ វាមិនមែនជាកត្តាពេលវេលានោះទេ តែវាគឺជាយុទ្ធសាស្ត្រ និងការរកឲ្យឃើញនូវអាវុធដ៏មុតស្រួចនោះដែលវាសាកសមទៅនឹងអត្តចរិតរបស់អ្នកផ្ទាល់ក្នុងការចម្រាញ់បានយកមកប្រើប្រាស់។
ខ្ញុំសូមលើកទឹកចិត្តអោយទាំងអស់គ្នាងាកមកសាកល្បងជាមួយនឹងយុទ្ធសាស្ត្រដែលអ្នកបានរៀន ដែលអ្នកបានសាកល្បងជាមួយនឹងគណនីយសាកល្បងឲ្យបានយូរតាមតែអាចធ្វើទៅបានសិន។
ដរាបណាអ្នកមានអារម្មណ៍កកក្តៅ និងជឿជាក់ទៅលើគណនីសាកល្បងនេះសិន ហើយ អ្នកក៏អាចចាប់ផ្ដើមសាកល្បងជាមួយនឹងការដាក់លុយពិតក្នុងចំនួនតិចសិនបានហើយ។
ប្រសិនបើយើងអាចធ្វើឱ្យគណនីយលុយពិតនេះទទួលបាននូវផលចំណេញជាបន្តបន្ទាប់នៅក្នុងកំឡុងពេលចន្លោះពីបីខែទៅក្រោមប្រាំមួយខែ នោះអ្នកក៏អាចបន្ថែមដើមទុនក៏មិនយឺតពេលដែរ។
ប្រសិនបើអ្នកបើកគណនីសាកល្បងហើយនៅពុំទាន់ទទួលបានផលចំណេញជាបន្តបន្ទាប់នោះទេ។ អ្នកក៏គួរនៅតែបន្តសាកល្បងជាមួយនឹងគណនីសាកល្បងនេះរហូតដល់អ្នកអាចរកឃើញនូវយុទ្ធសាស្ត្រ និងជំនឿជាក់មួយសម្រាប់ខ្លួនឯងសិន។
"តើអ្នកអាចសន្យាជាមួយខ្លួនឯងបានទេថាដរាបណាអ្នកពុំទាន់យកផលចំណេញពីគណនីសាកល្បងរបស់អ្នកជាបន្តបន្ទាប់នោះទេ អ្នកនឹងមិនដាក់លុយពិតចូលទៅក្នុងទីផ្សារនេះឡើយ"។
ប្រសិនបើអ្នកមិនអាចរង់ចាំបានទេនោះខ្ញុំហ៊ាននិយាយថាអ្នកនឹងមានឱកាសតិចណាស់ក្នុងការរកផលចំណេញ និងអាចឈរជើងនឹងក្នុងទីផ្សារនេះអោយបានយូរអង្វែង។
ក្នុងកំឡុងពេលហ្វឹកហាត់ទៅលើគណនីសាកល្បងនេះអ្នកក៏គួរតែជ្រើសរើសនូវប្រភេទរូបិយប័ណ្ណគូរណាមួយតែមួយ ឬ ពីរ ឬ បីគូរដើម្បីយកមកសាកល្បងវិភាគចូលទីផ្សារគឺគ្រប់គ្រាន់ហើយ។
អ្នកគួរតែជ្រើសរើសគូរូបិយប័ណ្ណសំខាន់ៗដែលភាគច្រើនមានអ្នកនៅទូទាំងពិភពលោកចូលធ្វើការទិញលក់ច្រើនជាងគេមានដូចជា៖ EUR/USD, GBP/USD, ឬ USD,JPYជាដើម ។
នៅពេលដែលអ្នកសម្រេចចិត្តរៀនអំពីទីផ្សារនេះអ្នកក៏គួរតែទទួលស្គាល់ថាក្នុងទីផ្សារនេះគឺមិនងាយស្រួលនោះទេ។ មានការសិក្សាជាច្រើនបានបង្ហាញថាពាណិជ្ជករនៅទូទាំងពិភពលោកជាង ៩០ ភាគរយ ទទួលនូវការខាតបង់។ ហេតុនេះអ្នកត្រូវតែជាមនុស្សដែលខិតខំព្យាយាម អំណត់ ត្រូវបន្តសិក្សាស្រាវជ្រាវបន្ថែម ត្រូវរកខ្លួនឯងឲ្យឃើញនៅក្នុងទីផ្សារនេះ ហើយវាមិនមែនជារឿងងាយស្រួលនោះទេ។
ក្តីស្រមៃដែលអ្នកគិតថាអ្នកនឹងឈប់ធ្វើការងារឲ្យគេហើយចាប់យកវិស័យនេះក្នុងជីវិតរបស់អ្នកតែម្ដង អ្នកគួរតែសួរខ្លួនឯងថាតើអ្នករួចរាល់ហើយឬនៅ។ ប្រសិនបើមនុស្សនៅទូទាំងពិភពលោកដែលចូលទៅក្នុងទីផ្សារនេះភាគរយបង្ហាញថាសុទ្ធតែជាអ្នកខាតក្នុងទីផ្សារនេះ។ តើអ្នកគឺជានរណាឲ្យច្បាស់។
អ្នកត្រូវតែរៀនថាហេតុអ្វីបានជាអ្នកទាំងនោះទទួលការខាតបង់យ៉ាងនេះ?
មានហេតុផលមួយចំនួនដែលអ្នកគួរតែដឹងថាអ្នកទាំងអស់នោះទទួលការខាតនៅក្នុងទីផ្សារនេះដោយសារតែភាគច្រើនពួកគេពុំមានផែនការទីផ្សារច្បាស់លាស់ ពួកគេមិនព្រមទទួលការបណ្តុះបណ្តាល និងហ្វឹកហាត់ឲ្យបានល្អជាមុនសិន គ្មានវិន័យក្នុងការចូលទីផ្សារ គ្មានការគ្រប់គ្រងហានិភ័យត្រឹមត្រូវ គ្មានយុទ្ធសាស្ត្រណាមួយដែលខ្លួនច្បាស់លាស់ជាមួយ។
អ្នកគួរតែគិតទៅមើលថាបើគ្រាន់តែអាហារបីពេលរបស់អ្នក មនុស្សមួយចំនួនធំនៅតែពុំមានវិន័យល្អ ឬ ក៏ញ៉ាំអាហារឲ្យបានទៀងពេលនោះទេ។
អ្នកមានគីឡូធ្ងន់អ្នកត្រូវចេះតមអាហារមួយចំនួន និងធ្វើលំហាត់ប្រាណដើម្បីអោយគីឡូស្រកល្អគឺភាគច្រើនពុំអាចធ្វើបានផង។
ប្រសិនបើគ្រាន់តែវិន័យប៉ុណ្ណឹងយើងធ្វើមិនបានផងនោះតើអ្នកនឹងទទួលជោគជ័យក្នុងវិស័យទិញលក់រូបិយប័ណ្ណអន្តរជាតិនេះបានយ៉ាងដូចម្ដេចទៅ? ពីព្រោះវាគឺជាទីផ្សារដ៏សែនលំបាកដែលទាក់ទងទៅនឹងការវិភាគលើរឿងហិរញ្ញវត្ថុពិភពលោកទៀតនោះ។
ក្តីស្រមៃដែលចង់ក្លាយជាអ្នកមានពីវិស័យនេះក្នុងកំឡុងពេលដែលដ៏ឆាប់នោះគួរតែបំភ្លេចចោល។
ផ្ទុយមកវិញទីផ្សារ forex នេះគឺមិនមែនជាទីផ្សារដែលធ្វើឲ្យយើងក្លាយជាអ្នកមានដ៏ឆាប់នោះទេ។
អ្នកគួរតែមានដើមទុនធ្វើពាណិជ្ជកម្មនេះយ៉ាងហោចណាស់ ១០.០០០ ដុល្លារជាលុុយដែលអ្នកបំរុងរួចជាស្រេចថាបើខាតគឺមិនប៉ះពាល់អារម្មណ៍របស់អ្នក ដែលអ្នកអាចមានលទ្ធភាពចាញ់។
កុំរំពឹងថាអ្នកនឹងចាប់ផ្តើមគណនីមួយជាមួយលុយពីរបីរយដុល្លារហើយរំពឹងថានឹងក្លាយជាមហាសេដ្ឋីឲ្យសោះ។
ដើម្បីទទួលបាននូវជំនាញមួយល្អដែលហៅថាជាព្រលឹងនៃការធ្វើពាណិជ្ជកម្មមួយចាំបាច់ណាស់គឺត្រូវការពេលវេលាដ៏ច្រើនដើម្បីរៀនសូត្រពីវា។
ចំពោះពាណិជ្ជករដែលមានជំនាញច្បាស់លាស់ហើយនោះគឺអាចរកលុយបានពីវិស័យនេះ។
ទោះយ៉ាងណាក៏ដោយដូចជាមុខរបរ ឬ អាជីពដទៃទៀតដែរភាពជោគជ័យមិនគ្រាន់តែកើតឡើងតែមួយយប់នោះទេ។
ប្រសិនបើវាងាយស្រួលមែននោះទាំងអស់គ្នាក្លាយទៅជាអ្នកមានបាត់ទៅហើយរួមទាំងខ្ញុំផងដែរ។
ការពិតគឺថាសូម្បីតែអ្នកជំនួញដែលមានបទពិសោធន៍ជាច្រើនឆ្នាំនៅតែជួបប្រទះនូវការខាតបង់តាមកាលកំណត់ពេលណាមួយផងដែរ។
អ្នកទាំងអស់គ្នាដែលបានអានអត្ថបទនេះគួរចងចាំនៅក្នុងចិត្តថា និងមិនមានផ្លូវកាត់ណាមួយឡើយដែលអាចជួយឲ្យយើងបានក្លាយទៅជាអ្នកមានបានក្នុងវិស័យ forex នេះ។
វាពិតជាចាំបាច់ខ្លាំងណាស់ក្នុងការបន្តហ្វឹកហាត់ និងអនុវត្តដើម្បីទទួលបាននូវបទពិសោធន៍មួយដ៏ល្អ ឬ ក៏អាចរកឃើញកំពូលយុទ្ធសាស្ត្រមួយដែលសាកសមទៅនឹងចរិតលក្ខណៈ ឬ ក៏ពេលវេលាដែលខ្លួនមានសម្រាប់វាផ្ទាល់។
អ្វីដែលខ្ញុំចង់ដាស់តឿនក្នុងអត្ថបទនេះគឺអ្នកត្រូវបន្តអនុវត្តការជួញដូរនៅលើគណនីសាកល្បងសិនរហូតដល់អ្នករកឃើញវិធីសាស្រ្តមួយដែលអ្នកស្ទាត់ជំនាញជាមួយវា ហើយដែលអ្នកអាចប្រតិបត្តិវាបានដោយងាយ។ ជាទូទៅរកយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពសម្រាប់អ្នក។
No comments:
Post a Comment