ចូរកុំទាន់ចូលទីផ្សារត្រេតប្រសិនបើអ្នកមិនទាន់មានប្រព័ន្ធដំណើរការ (System) ក្នុងខ្លួននៅឡើយទេ!
ជាទំលាប់របស់ខ្ញុំ ខ្ញុំតែងតែយកសរសរស្តម្ភទាំងប្រាំមួយរបស់ខ្ញុំមកច្រោះទីផ្សារឲ្យថ្លាសិន បន្ទាប់មកបានខ្ញុំយក System ណាមួយដែលសាកសមនឹងចរិតទីផ្សារបច្ចុប្បន្ននេះ មកពិចារណាបន្ថែម មុនសម្រេចចិត្តចូលទីផ្សារ។
ខ្ញុំសូមលើកយកប្រព័ន្ធដំណើរការដ៏សាមញ្ញមួយមកចែករំលែកដូចខាងក្រោម៖
ទី១. ឈ្វេងយល់អំពីកំរិតពេលវេលា។ ចំណុចនេះខ្ញុំចង់ឱ្យអ្នកត្រេតទាំងឡាយស្គាល់ពីខ្លួនឯង ថាតើយើងគឺជាអ្នកត្រូវប្រភេទណា ដែលជាទូទៅបែងចែកចេញជា ៥ ប្រភេទដូចខាងក្រោម៖
Scalping ការចូលចេញទីផ្សារក្នុងរយៈពេលជានាទី
Day trading ការចូលចេញទីផ្សារក្នុងរយៈពេលជាថ្ងៃ
Swing trading ការចូលចេញទីផ្សារក្នុងរយៈពេលជាសប្តាហ៍
Position trading ការចូលចេញទីផ្សារក្នុងរយៈពេលជាខែ
Investing ការចូលចេញទីផ្សារក្នុងរយៈពេលជាឆ្នាំ
ក្នុងចំណោមប្រភេទអ្នកត្រេតខាងលើ តើអ្នកស្ថិតនៅផ្នែកណាមួយ?
តើអ្នកចូលចិត្តមើលក្រាហ្វរយៈពេលមួយថ្ងៃ មួយសប្តាហ៍ មួយខែ ឬ មួយឆ្នាំ? តើអ្នកចង់ចូលទីផ្សារយូរប៉ុណ្ណាដែរ?
សំណួរទាំងអម្បាលម៉ានខាងលើនឹងអាចជួយអ្នកក្នុងការរកខ្លួនឯងឲ្យឃើញ ថាតើយើង គឺជាអ្នកត្រេតដែលស្ថិតនៅក្នុងរយៈពេលណាមួយឲ្យច្បាស់។
ចំណុចជ្រើសរើសពេលវេលាជារឿងដ៏ចាំបាច់ហើយអ្នកត្រេតគួរជ្រើសរើសពេលវេលាណាដែលសាកសមនឹងខ្លួនផ្ទាល់ យកពេលវេលានោះជាចំណុចផ្តោតក្នុកការវិភាគ។
ពិតណាស់អ្នកក៏អាចយកកម្រិតពេលវេលាមួយពីរទៀតមកមើលពិចារណាផងដែរតែត្រូវស្ថិតក្នុងអំណាចកម្រិតពេលវេលាធំ។
ទី២. រុករកសុចនាករណាមួយដែលអាចជួយអ្នកក្នុងការរករលកសញ្ញាទីផ្សារឡើង ឬ ចុះ។ មានសុចនាករជាច្រើននៅក្នុង mt4 ខ្ញុំសូមលើកទឹកចិត្តឲ្យទាំងអស់គ្នាប្រើតែមួយ ឬ ពីរបានហើយព្រោះថាប្រសិនបើប្រើច្រើននឹងធ្វើឲ្យយើងមានភាពច្របូកច្របល់ មិនស្រលះ។ ហេតុនេះប្រើតែមួយ ឬ ក៏ពីរគឺល្មមគ្រប់គ្រាន់។
ខ្ញុំប្រើសុចនាករ EMA ហើយអ្នកទាំងអស់គ្នាអាចយកសុចនាករផ្សេងមកប្រើក៏បានដែរ ឱ្យតែអ្នកទាំងអស់គ្នាមានទំនុកចិត្តហើយស្គាល់ច្បាស់ពីសុចនាករនោះ។
ទី៣. អ្នកគួរស្វែងរកនូវកម្រិតតំបន់នៃទីផ្សារដែលអនុលោមទៅតាមសុចនាករដែលអ្នកបានយកមកប្រើ។ រង់ចាំតែឱកាសឲ្យទីផ្សារចូលមកដល់កម្រិតតំបន់ ហើយដើរស្របនឹងសុចនាករនេះគឺជាឪកាសអាចយកទីផ្សារនោះមកពិចារណាបាន។
ទី៤. រងចាំបង្គោលដើមទៀន (ទំរុងមួយដើម ពីរដើម បីដើម) ណាដែលអ្នកចេះច្បាស់ពីវា យកមកសិក្សាអំពីកម្លាំងរវាងអ្នកទិញនិងអ្នកលក់ ថាតើមួយណាមានឥទ្ធិពលខ្លាំងជាង។ ចូលស្វែងរកកម្លាំងណាដែលបញ្ជាក់ ឬ ក៏ដើរស្របទៅនឹងទិសដៅរបស់ទីផ្សារ។
ទី៥. ជាកន្លែងដែលអ្នកគួរកំណត់នូវការចូលទីផ្សារ និងការចេញពីទីផ្សារ។ កន្លែងនេះមានលក្ខណៈសំខាន់ខ្លាំងពីព្រោះជាកន្លែងដែលអ្នកត្រូវសម្រេចចិត្តចូលទីផ្សារ និងការកំណត់ការខាត ការចំណេញទុកមុនរួចជាស្រេច។ ជាកន្លែងអ្នកត្រូវគ្រប់គ្រងហានិភ័យរបស់អ្នកដែលអាចស្ថិតក្នុងការគ្រប់គ្រងបានរបស់អ្នកផ្ទាល់។
មានវិធីសាស្ត្រនៃការកំណត់ការចូលទីផ្សារការចេញពីទីផ្សារជាច្រើនសុំមើលការសរសេរអត្ថបទរបស់ខ្ញុំខ្លីៗបន្ថែមនៅក្នុងប្លក់នេះឬជាវីដេអូក្នុង YouTube។
ទី៦. គឺជាចំណុចដ៏សែនសំខាន់ បានន័យថាចាប់ពីចំណុចទី១ ចំណុចទី៥ អ្នកនឹងបង្កើតបាននូវ system មួយដោយខ្លួនឯង ហើយអ្នកត្រូវតែប្រព័ន្ធដំណើរការមួយនេះ។
សង្កេតសរសេរឡើងវិញរួចពិចារណា បន្ទាប់មកអ្នកយក system មួយនេះទៅសាកល្បងចូលទីផ្សារក្នុងអតីតកាលយ៉ាងហោចណាស់ឲ្យបាន ១០ឆ្នាំថយក្រោយ និងគោរពអោយបានខ្ជាប់ខ្ជួននូវ system មួយនេះកុំទាន់ផ្លាស់ប្ដូរ។
យក system មួយនេះទៅសាកល្បងជាមួយនឹងទីផ្សារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន រួចហើយកត់ទុកនូវចំណុចខាតនិងចំណេញឱ្យបានច្បាស់លាស់។ ធ្វើបែបនេះចុងក្រោយអ្នកនឹងទទួលបានប្រព័ន្ធដំណើរការមួយនេះ ថាតើវាជាប្រព័ន្ធដែលផ្ដល់នូវប្រូបាប៊ីលីតេខ្ពស់ក្នុងការចូលទីផ្សារ ឬ មួយក៏ត្រូវកែសម្រួលបន្ថែម។
មិនចាំបាច់ប្រញាប់ប្រញាល់ពេកទេនៅក្នុងការយក system មួយនេះមកសាកល្បងជាមួយលុយពិត។ ចូរធ្វើវាតាមសម្រួលនោះអ្នកនឹងទទួលបាននូវអាវុធដ៏មុតស្រួចមួយដែលអ្នកអាចយកវាចាក់ទម្លុះនូវទីផ្សារមួយនេះឲ្យចេញលុយបានពិតប្រាកដ។
=======================
ទោះតិច ឬ ច្រើននេះជាលទ្ធផលត្រេតសម្រាប់អ្នកដែលបានរួមដំណើរជាមួយប្រព័ន្ធដំណើរការរបស់ខ្ញុំ៖
No comments:
Post a Comment